John 10

អ្នកគង្វាល​ល្អ​ និងចៀម​របស់គាត់

1ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ពិតប្រាកដថា​អ្នក​ណា​ដែលមិនចូលក្នុងក្រោលចៀមតាមទ្វារប៉ុន្តែឡើងតាមកន្លែងផ្សេង​អ្នក​នោះជាចោរលួចចោរប្លន់ 2រីឯអ្នកដែលចូលតាមទ្វារ​វិញ​អ្នកនោះ​ជាអ្នកគង្វាលចៀម 3ហើយអ្នកយាមទ្វារ​ក៏​បើកទ្វារ​ឲ្យ​គាត់​ចូល​ចៀមស្ដាប់សំឡេង​របស់​គាត់រួច​គាត់​ហៅចៀមរបស់គាត់តាមឈ្មោះហើយនាំ​ចេញ​ទៅ​ក្រៅ 4ពេលគាត់​បញ្ចេញ​ចៀម​របស់គាត់អស់ហើយគាត់ដើរមុនវាហើយចៀម​ដើរ​តាមក្រោយគាត់ព្រោះ​ពួកវា​ស្គាល់សំឡេង​របស់​គាត់ 5ពួកវានឹង​មិនតាមអ្នកដទៃឡើយផ្ទុយទៅវិញ​ពួកវា​នឹង​រត់ចេញពីអ្នកនោះព្រោះ​ពួកវា​មិនស្គាល់សំឡេង​របស់​អ្នកដទៃទេ»។ 6ព្រះយេស៊ូមានបន្ទូល​ពាក្យ​ប្រៀបប្រដូចនេះ​ទៅ​ពួកគេប៉ុន្តែ​អ្នក​ទាំង​នោះមិនយល់​អំពី​អ្វីដែល​ព្រះអង្គ​កំពុង​មានបន្ទូល​ទៅ​កាន់​ពួកគេទេ 7ដូច្នេះព្រះ​យេស៊ូមានបន្ទូលថា៖ ​«ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ពិតប្រាកដថាខ្ញុំជាទ្វារ​សម្រាប់​ចៀម 8អស់អ្នកដែលមកមុនខ្ញុំ​សុទ្ធតែ​ជាចោរលួចចោរប្លន់ប៉ុន្តែចៀមមិន​បាន​ស្ដាប់អ្នកទាំងនោះឡើយ 9ខ្ញុំជាទ្វារបើអ្នកណាចូលតាមខ្ញុំ​អ្នកនោះ​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះព្រមទាំងចេញចូលបានហើយ​នឹង​រកឃើញវាលស្មៅ 10ចោរវាមកដើម្បីលួចសម្លាប់ហើយបំផ្លាញប៉ុណ្ណោះ​រីឯ​ខ្ញុំ​វិញ​ខ្ញុំមកដើម្បី​ឲ្យ​ពួកវា​មានជីវិតហើយឲ្យ​ជីវិត​នោះ​ពេញបរិបូរផង 11ខ្ញុំជា​អ្នក​គង្វាលល្អ​អ្នក​គង្វាលល្អលះបង់ជីវិត​របស់​ខ្លួនដើម្បីចៀម 12រីឯអ្នក​ស៊ីឈ្នួល​ដែល​មិនមែនជា​អ្នក​គង្វាលគឺមិនមែនជាម្ចាស់​របស់​ចៀម​ពេល​ណា​ពួកគេ​ឃើញចចកមកនោះ​ពួកគេ​ក៏រត់ចោលចៀមបណ្ដោយឲ្យចចកឆក់យកចៀមហើយដេញ​ចៀម​ខ្ចាត់ខ្ចាយ 13ព្រោះពួកគេ​ជាអ្នកស៊ីឈ្នួល​ពួកគេ​មិនយកចិត្ដទុកដាក់ចំពោះចៀមឡើយ 14ខ្ញុំជាអ្នកគង្វាលល្អខ្ញុំស្គាល់​ចៀម​របស់ខ្ញុំហើយ​ចៀម​របស់ខ្ញុំ​ក៏​ស្គាល់ខ្ញុំ 15ដូចដែល​ព្រះ​វរ​បិតាស្គាល់ខ្ញុំ​ហើយ​ខ្ញុំស្គាល់​ព្រះ​វរ​បិតាដែរ។ ​ខ្ញុំ​លះបង់ជីវិត​របស់​ខ្ញុំដើម្បីចៀម 16ខ្ញុំនៅ​មានចៀមដែលមិននៅក្នុងក្រោលនេះខ្ញុំត្រូវនាំ​ចៀម​ទាំងនោះមកដែរហើយ​ពួកវា​នឹង​ស្ដាប់សំឡេង​របស់​ខ្ញុំរួច​ពួកវា​ក៏​ត្រលប់ជាហ្វូង​តែ​មួយ​ដោយ​មានអ្នកគង្វាល​តែ​ម្នាក់ 17ហេតុនេះហើយបានជា​ព្រះ​វរ​បិតាស្រលាញ់ខ្ញុំព្រោះខ្ញុំលះបង់ជីវិត​របស់​ខ្ញុំដើម្បី​ឲ្យ​ខ្ញុំ​ទទួលបានជីវិត​មក​វិញ 18គ្មានអ្នក​ណា​ដកយកជីវិតពីខ្ញុំទេគឺខ្ញុំលះបង់ជីវិតដោយខ្លួនខ្ញុំវិញ​ខ្ញុំ​មានសិទ្ធិអំណាចលះបង់​ជីវិត​នេះហើយ​ក៏​មានសិទ្ធិអំណាចទទួលយកវិញដែរហើយ​សេចក្ដី​បង្គាប់នេះ​ខ្ញុំ​បាន​ទទួលពី​ព្រះ​វរ​បិតា​របស់​ខ្ញុំមក»។ 19ដោយសារតែពាក្យទាំងនេះមាន​ការ​បែកបាក់គ្នាម្ដងទៀតក្នុងចំណោម​ពួក​ជនជាតិ​យូដា 20ហើយពួកគេជាច្រើននិយាយថា៖ ​«អ្នក​នេះ​មានអារក្សចូលរហូតដល់ឆ្កួតហើយហេតុអ្វីបានជា​ពួកអ្នក​ស្ដាប់វា 21ប៉ុន្តែអ្នក​ខ្លះទៀតនិយាយថា៖ ​«ពាក្យទាំងនេះមិន​មែន​ជា​សំដី​របស់​មនុស្ស​អារក្សចូលទេ​តើ​អារក្សអាចធ្វើ​ឲ្យ​ភ្នែក​របស់​មនុស្ស​ខ្វាក់ភ្លឺ​បាន​ដែរ​ទេ?»។

ព្រះយេស៊ូជា​ព្រះរាជបុត្រា​របស់ព្រះ

22ពេល​នោះ​ជារដូវរងាហើយ​ពួកគេ​កំពុង​ធ្វើ​បុណ្យ​ឆ្លងព្រះវិហារនៅ​ក្រុង​យេរូសាឡិម 23ហើយនៅក្នុង​ព្រះ​វិហារ​ព្រះ​យេស៊ូ​កំពុង​យាងចុះឡើងនៅក្នុងសាលាសំណាក់សាឡូម៉ូន 24នោះមាន​ពួក​ជនជាតិ​យូដាចោមរោមព្រះអង្គ​ទាំង​ទូល​សួរ​ថា៖ ​«តើ​ឲ្យ​ចិត្ដ​របស់​យើង​នៅ​រារែកដល់ពេលណា? ​បើអ្នកជា​ព្រះ​គ្រិស្ដមែន​សូម​ប្រាប់យើងត្រង់មក» 25ព្រះយេស៊ូឆ្លើយ​ទៅ​ពួកគេថា៖ ​«ខ្ញុំ​បាន​ប្រាប់អ្នករាល់គ្នា​រួច​ហើយប៉ុន្តែ​អ្នករាល់គ្នា​មិនជឿ​ហើយ​កិច្ចការ​ទាំង​ប៉ុន្មានដែលខ្ញុំធ្វើក្នុង​ព្រះ​នាម​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ក៏​បាន​ធ្វើបន្ទាល់អំពីខ្ញុំ​ដែរ 26ប៉ុន្តែអ្នករាល់គ្នាមិនជឿទេព្រោះ​អ្នករាល់គ្នា​មិនមែនជាចៀមរបស់ខ្ញុំ 27ដ្បិតចៀម​របស់​ខ្ញុំស្ដាប់សំឡេង​របស់​ខ្ញុំ​ឯ​ខ្ញុំ​ក៏​ស្គាល់ពួកវាហើយ​ពួកវា​ក៏​មកតាមខ្ញុំ 28រួចខ្ញុំឲ្យជីវិតអស់កល្បជានិច្ច​ដល់​ពួកវានោះ​ពួកវា​មិន​ត្រូវ​វិនាសឡើយរហូតអស់កល្បហើយគ្មានអ្នកណា​នឹង​ឆក់យកពួកវាពីដៃ​របស់​ខ្ញុំ​បាន​ឡើយ 29រីឯព្រះវរបិតាដែល​បាន​ប្រទាន​ពួកវា​មក​ឲ្យ​ខ្ញុំ​ព្រះអង្គធំជាង​អ្វីៗ​ទាំងអស់ដូច្នេះគ្មាន​អ្នក​ណា​អាចឆក់យក​ពួកវា​ពីព្រះហស្តរបស់​ព្រះ​វរបិតាបានឡើយ 30ហើយខ្ញុំនិង​ព្រះ​វរ​បិតាគឺតែមួយ»។

ពួក​មេដឹកនាំ​ជនជាតិ​យូដា​ចង់​គប់​ព្រះយេស៊ូនឹង​ដុំថ្ម​

31ពួក​ជនជាតិ​យូដា​ក៏​រើស​ដុំ​ថ្មម្ដងទៀតដើម្បីគប់ព្រះអង្គ 32ប៉ុន្តែព្រះ​យេស៊ូមាន​បន្ទូល​ទៅ​ពួកគេថា៖ ​«ខ្ញុំ​បាន​បង្ហាញ​ឲ្យ​អ្នករាល់គ្នាឃើញកិច្ចការល្អជាច្រើនដែលមកពី​ព្រះ​វរ​បិតា​តើ​ដោយព្រោះកិច្ចការណាមួយ​ឬ​ទើប​អ្នករាល់គ្នា​រកគប់​ខ្ញុំ​នឹង​ដុំ​ថ្ម​ដូច្នេះ?» 33ពួកជនជាតិ​យូដាតប​ទៅ​ព្រះអង្គថា៖ ​«យើង​គប់អ្នក​នឹង​ដុំថ្ម​នេះ​មិន​មែន​ដោយព្រោះកិច្ចការល្អ​ណា​មួយ​ទេគឺ​អ្នក​ប្រមាថព្រះជាម្ចាស់ដ្បិតអ្នកជាមនុស្សហើយតាំងខ្លួនឯងជាព្រះជាម្ចាស់»។ 34ព្រះយេស៊ូឆ្លើយ​ទៅ​ពួកគេថា៖ ​«តើ​គ្មាន​សេចក្ដី​ចែងទុកក្នុងគម្ពីរវិន័យ​របស់​អ្នករាល់គ្នា​ទេ​​ថា​យើងប្រាប់​ហើយ​ថា​អ្នករាល់គ្នា​ជាព្រះ? 35គេមិនអាចលុបបទគម្ពីរ​បានជា​ដាច់ខាត​ដូច្នេះ​បើ​ព្រះជាម្ចាស់​ហៅអស់អ្នកដែល​បាន​ទទួលព្រះបន្ទូល​របស់​ព្រះអង្គទាំងនោះ​ថា​ព្រះ 36ចុះទម្រាំ​ព្រះមួយអង្គ​ដែល​ព្រះ​វរ​បិតាញែក​ជា​បរិសុទ្ធហើយ​បាន​ចាត់ឲ្យមកក្នុងពិភពលោកនេះ​វិញ​តើ​អ្នករាល់គ្នាស្ដី​ឲ្យ​ខ្ញុំ​ថា​អ្នក​ប្រមាថព្រះជាម្ចាស់ដោយព្រោះ​ខ្ញុំ​និយាយថា​ខ្ញុំ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ឬ? 37បើខ្ញុំ​មិនធ្វើកិច្ចការរបស់​ព្រះ​វរបិតាខ្ញុំទេ​ចូរ​កុំជឿខ្ញុំឡើយ 38ផ្ទុយទៅវិញបើ​ខ្ញុំ​ធ្វើ​នោះ​ទោះជា​អ្នករាល់គ្នា​មិនជឿខ្ញុំក្ដី​ចូរ​ជឿ​លើ​កិច្ចការ​ទាំង​នោះចុះដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​ដឹងហើយយល់​ថែម​ទៀតថា​ព្រះ​វរ​បិតានៅក្នុងខ្ញុំ​ហើយ​ខ្ញុំ​ក៏​នៅក្នុង​ព្រះ​វរ​បិតា​ដែរ»។ 39ពេលនោះពួកគេ​រកចាប់ព្រះអង្គម្ដងទៀតប៉ុន្តែ​ព្រះអង្គ​បាន​គេចផុតពីពួកគេ 40ហើយក៏​យាង​ទៅឆ្លង​អូរ​យ័រដាន់ម្ដងទៀតត្រង់កន្លែងដែល​លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជទឹក​កាល​ពីមុនហើយ​ព្រះអង្គ​ក៏​បាន​ស្នាក់នៅទីនោះ 41រួចមាន​មនុស្ស​ជាច្រើនមករកព្រះអង្គហើយនិយាយថា៖ ​«លោក​យ៉ូហានមិន​បាន​ធ្វើទីសំគាល់អស្ចារ្យ​ណាមួយ​ទេប៉ុន្តែ​សេចក្ដី​ទាំងប៉ុន្មានដែលគាត់និយាយអំពី​អ្នក​នេះសុទ្ធតែពិតទាំងអស់» 42ដូច្នេះមាន​មនុស្ស​ជាច្រើន​បាន​ជឿលើព្រះអង្គនៅទីនោះ
Copyright information for KhmKCB